សម្រាប់យើង តើពាក្យថា “ការអភិវឌ្ឍប្រកបដោយចីរភាព” ជាអ្វី?

By David Sutton, Ph.D.

ពាក្យ “ការអភិវឌ្ឍប្រកបដោយចីរភាព” បានក្លាយជាពាក្យមួយដែលនៅតែស្រពិចស្រពិល ហើយប្រសិនយើងមិនយល់ពីដើមចមរបស់វាទេ ខ្ញុំគិតថា​អ្នកមិនចាំបាច់យល់នោះទេ។

គោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព មិនពិបាកយល់នោះទេ។ គោលការណ៍ទាំងនោះទាមទារអោយយើងសម្លឹងមើលទៅធម្មជាតិដែលជាគោលការណ៍នាំផ្លូវ។ ប្រព័ន្ធធម្មជាតិ បានឆ្លងកាត់ ការស្រាវជ្រាវ និងការវិវឌ្ឍអស់រយៈកាល ៤ពាន់លានឆ្នាំមកហើយ ក្នុងការបង្កើតប្រព័ន្ធជីវិតដែលមាននិរន្តរភាព។ និរន្តរភាពដែលបន្តទៅមុខ និងវដ្តសេដ្ឋកិច្ច ទាមទារអោយមានការយល់ដឹងជាមូលដ្ឋានពីប្រព័ន្ធធម្មជាតិដែលទ្រទ្រង់ជីវិត និងរាល់សកម្មភាពរបស់យើង។

ការចងក្រងច្បាប់ជាច្រើនដែលមានឥទ្ធិពលលើសុខុមាលភាពមនុស្សជាតិ ច្បាប់នោះគឺ ច្បាប់ធម្មជាតិ។ មានការយល់ស្របជាសកលលើបណ្តុំគំនិតជាច្រើនពាក់ព័ន្ធនឹងប្រព័ន្ធដែលបង្កើតអោយមានជីវិតលើផែនដី។ គំនិតទាំងនោះមានដូចជា:

  1. គ្រប់ប្រព័ន្ធទាំងអស់លើផែនដីទទួលឥទ្ធិពលចំបងពីថាមពលព្រះអាទិត្យ។
  2. ថាមពលពីព្រះអាទិត្យជួយអោយជីវិតទាំងអស់មានដំណើរការ ក៏ដូចជាកម្លាំងសកលដែលជួយទ្រទ្រង់អោយដី មហាសមុទ្រ និងបរិយាកាសដែលបង្កើតអោយមានជីវិត។
  3. យើងទៅតាមបាតុភូតនៃការកកើត ផែនដីជាប្រព័ន្ធបិទមួយ​​ ។
  4. ធនធានរូបីដែលយើងអាចប្រើប្រាស់បានលើផែនដីនេះ មានកម្រិតរបស់វា។
  5. ប្រព័ន្ធដែលមានជីវិតទាំងអស់ទ្រទ្រង់ខ្លួនឯង តាមរយៈការស្រូបយកថាមពលពីព្រះអាទិត្យ និងបំលែងធនធានដែលចាំបាច់ក្នុងវដ្តនៃការកែច្នៃ និងប្រើប្រាស់ឡើងវិញដ៏ធំមួយ។

ដោយសារកត្តាទាំងនេះហើយ ទើបចាំបាច់ត្រូវមានការអនុវត្តដែលមិនជះឥទ្ធិពលអាក្រក់ដល់ធនធានទាំងអស់នោះ។​

ដោយសារមានការយល់ខុសថា ធនធានធម្មជាតិដែលយើងប្រើប្រាស់មិនចេះរីងស្ងួត ប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ជីវិតយើងមិនចេះសាបសូន្យ និងការយល់ខុសថាផែនដីយើងមានកន្លែងទំនេរច្រើនសម្រាប់ចោលកាកសំណល់នោះ ទើបធ្វើអោយសង្គមមនុស្សប្រើប្រាស់ធនធានធម្មជាតិ បង្កើតផលិតផល ឬសម្ភារៈ រួចក៏បញ្ចេញវាចោលជាកាកសំណល់នៅពេលធនធានទាំងនោះប្រើការលែងកើត។ មិនយូរមិនឆាប់ទេ ផែនដីយើងនឹងលែងមានធនធានសម្រាប់ប្រើប្រាស់ទៀត មានន័យថាវានឹងរលាយបាត់បង់ទៅ។ ធនធាន ក៏ដូចជាលទ្ធភាពក្នុងការទាញយកមកវាប្រើប្រាស់មានកម្រិត។ មហន្តរាយបរិស្ថានដែលយើងកំពុងជួបប្រទះសព្វថ្ងៃនេះ គឺជាការស្តែងចេញអោយឃើញពីការដែលយើងប្រើប្រាស់ធនធានដល់កម្រិតរបស់វា។ វិធានការការអភិវឌ្ឍដែលគិតគូរពីនិរន្តរភាពយូរអង្វែង សុទ្ធសឹងតែកើតចេញពីការយល់ដឹងពីបញ្ហាចោទទាំងនេះ។

មិនថាយើងគិតគូរ ឬក៏អត់ និរន្តរភាពនៃធនធានដែលយើងមាន នៅតែជារឿងសំខាន់ដំបូងគេក្នុងបរិស្ថានរបស់យើង។ គ្រប់ជីវិតទាំងអស់ មនុស្ស និងប្រព័ន្ធដំណើរការរបស់មនុស្សទាំងអស់ត្រូវតែសម្របទៅតាមកម្រិតដែលប្រព័ន្ធទ្រទ្រង់ជីវិតរបស់ភពផែនដីផ្តល់អោយ។ មិនមានមនុស្ស ឬអ្វីលើលោកនេះអាចប្រើប្រាស់ធនធានលើសពីកម្រិតវាបានឡើយ។

យើងលែងខ្វល់ខ្វាយពីផែនដីរបស់យើង។

ការយកចិត្តទុកដាក់ពីភាពយូរអង្វែងនៃបរិស្ថាន និងការអភិវឌ្ឍមួយប្រកបដោយចីរភាព មិនផ្តោតសំខាន់លើបច្ចេកវិទ្យានោះទេ តែវាជាការចូលរួមការពាររបស់យើងម្នាក់ៗ។ អ្នកជំនាញផ្នែកធម្មជាតិជនជាតិអាមេរិកាំង Aldo Lepold បាននិយាយថា:

“ពេលដែលសង្គមមនុស្សកាន់តែរីកចំរើន បច្ចេកវិទ្យាកាន់តែរីកចំរើន តែមនុស្សកាន់តែលែងយល់ដឹងពីវា។ យើងគិតបែបងាយៗថា វិស័យឧស្សាហកម្មជាអ្នកជួយគាំទ្រយើង តែភ្លេចគិតថាតើអ្វីដែលជាអ្នកទ្រទ្រង់ឧស្សាហកម្មយើង។”

យើងត្រូវតែរស់នៅសម្របទៅតាមលំហូរនៃកម្លាំងធម្មជាតិ។

យើងត្រូវចេះស្រលាញ់ភពផែនដី និងធម្មជាតិដែលទ្រទ្រង់ជីវិតយើង។ បច្ចេកវិទ្យា អាចផ្តល់នូវឧបករណ៍ដែលជួយយើងអោយមានទំនាក់ទំនងកាន់តែមានប្រសិទ្ធភាពជាមួយធម្មជាតិ​ ប៉ុន្តែកម្លាំងដ៏ខ្លាំងក្លាហួសហេតុនៃបច្ចេកវិទ្យាទៅលើធម្មជាតិ មិនមែនជា ការអភិវឌ្ឍបែបវិទ្យាសាស្ត្រ ដែលឆ្លាតវៃ​ និងមានភាពយូរអង្វែងនោះទេ។

និរន្តរភាពក្នុងការរស់នៅ សុទ្ធសឹងជាអ្វីដែលត្រូវគិតគូរ មានស្មារតីទទួលខុសត្រួវ ស្គាល់ពីឥទ្ធិពលយើងនិងរស់នៅពឹងផ្អែកទាំងស្រុងលើប្រព័ន្ធទ្រទ្រង់ជីវិតលើភពផែនដីរបស់យើង។